ព្រះត្រៃបិដក ភាគ ៥៦

 [​៤៨​]​ ​បពិត្រ​ព្រះពុទ្ធ​ ​ជា​វីរ​បុគ្គល​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​នមស្ការ​ព្រះអង្គ​ ​ព្រះអង្គ​ជា​អ្នក​រួច​ស្រឡះ​ចាក​កិលេស​ទាំងពួង​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​តែង​ប្រព្រឹត្តទៅ​ក្នុង​ស្នាម​ឱវាទ​នៃ​ព្រះអង្គ​។​

​ឧជ្ជ​យត្ថេ​រ​។​


 [​៤៩​]​ ​ក្នុង​កាលដែល​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ខ្ញុំ​មិនធ្លាប់​ដឹង​នូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ទោស​ ​ដែល​មិនមែន​ជា​អរិយធម៌​ទេ​។​

​សញ្ជយ​ត្ថេ​រ​។​


 ​[​៥០​]​ ​ចិត្ត​របស់ខ្ញុំ​នោះ​ ​មិន​ញាប់ញ័រ​ ​ព្រោះ​សម្រែក​នៃ​សត្វ​រៃ​ ​ឬ​ព្រោះ​សត្វព្រៃ​ដែល​គួរខ្លាច​ទេ​ ​ព្រោះថា​ ​ចិត្ត​របស់ខ្ញុំ​ ​មាន​អារម្មណ៍​មូល​តែមួយ​ ​ត្រេកអរ​មិន​ដាច់​ ​(​ក្នុង​ព្រះនិព្វាន​)​។​

​រាមណេយ្យ​ក​ត្ថេ​រ​។​


 ​[​៥១​]​ ​ផែនដី​តែង​សើម​ជ្រាប​ ​(​ដោយ​អាបោធាតុ​)​ ​ខ្យល់​ក៏​រមែង​បក់​ ​ផ្លេកបន្ទោរ​ ​ក៏​ដាល​ច្រវាត់​ក្នុង​អាកាស​ ​ឯ​វិតក្កៈ​ទាំងឡាយ​ ​(​មាន​កាម​វិតក្កៈ​ជាដើម​)​ ​របស់ខ្ញុំ​ ​រមែង​រម្ងាប់​ ​ចិត្ត​របស់ខ្ញុំ​ក៏​តម្កល់ទុក​ល្អ​ហើយ​។​

​វិ​មល​ត្ថេ​រ​។​

ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636866449892916070
ទៅកាន់ទំព័រ៖