ថ្ងៃអាទិត្យ 12 តុលា 2014 - 11:20:37 ល្ងាច - បានអាន៖ 639
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃពុទ្ធភា សិតជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖
១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះជឿងាយៗហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។
២- យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯង ពឹងលើការព្យាយាម ព្រមដោយប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសី ឬសង្ឃឹមផលដោយការអង្វរករ បួងសួងសែនព្រែនចំពោះអ្វីៗជាបច្ច័យខាងក្រៅឡើយ ។
៣- មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់រក្សាខ្លួនដោយការមិនធ្វើបាប មិនមែនធ្វើអាក្រក់ហើយស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃឲ្យមកទទួលទោសជំនួសនោះទេ ។ ម៉្យាងទៀតមានការទទួលខុសត្រូវចំពោះអ្នកដទៃដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរដូច្នេះទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវមាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។
៤- យល់ត្រូវថា មនុស្សមានសិទ្ធដោយធម្មជាតិដើម្បីនឹងធ្វើការងារផ្សេងៗក្នុងការសាងខ្លួនឯងឲ្យបានល្អឡើង រហូតដល់ថ្នាក់ប្រសើរជាងទេវតា ឥន្ទព្រហ្មទៅទៀត ។
៥- យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរ ឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។
៦- មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះពិចារណាយល់ខ្លួនឯងតាមហេតុផល ។
៧- មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អក៏ហ្វឹកហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកំចាត់បាបអកុសលឲ្យអស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត ។
៨- មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗនេះឡើយ ដូច្នេះហើយអំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យដូចការរួមដំណើរជាមួយនឹងខ្លួនឯងដែលជាមនុស្សល្អនោះទេ ។
៩- មានការរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតំលៃ ពុំនោះសោត គឹដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិតកិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។
១០- ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជាការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។
សៀវភៅ ពន្លឺធម៌ព្រះពុទ្ធ