ថ្ងៃអាទិត្យ 12 តុលា 2014 - 11:16:08 ល្ងាច - បានអាន៖ 723
តើអ្វីទៅជាអកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយទុច្ចរិត៣
១-បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។
២-អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣-កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។
វចីទុច្ចរិត៤
១-មុសាវាទា កិរិយាពោលដោយពាក្យកុហក។
២-បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។
៣-ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤-សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត៣
១-អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។
២-ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣-មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។