សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក


ថ្ងៃអង្គារ 30 មិថុនា 2015 - 09:30:21 ល្ងាច - បានអាន៖ 1072
បញ្ចូលដោយ៖ គុណ ឃោសោ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គ​​​​​​​​​​​​​​​ទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ តើព្រះអង្គនឹងតែងតាំងអ្នកណាជំនួសព្រះអង្គ?"
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ឆ្លើយជាភាសាបាលីថា 
"យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា
ប្រែថា "ម្នាលអានន្ទ ! ធម៌ណាដែលតថាគតសម្តែងហើយ និង វិន័យណាដែលតថាគតបញ្ញត្តទុកហើយ ដល់អ្នកទាំងឡាយ លុះអំណះពីតថាគតទៅ ធម៌និងវិន័យនោះនឹងបានជាសាស្តារបស់អ្នកទាំងឡាយ" 

សេចក្តីខាងលើនេះសបញ្ជាក់ឲ្យឃើញថា ព្រះបរមសាស្តាទ្រង់តែងតាំងព្រះធម្មវិន័យ គឺ ព្រះត្រៃបិដកឲ្យជាសាស្តារបស់ ពុទ្ធសាសនិកជន ។ ក្រោយពីព្រះអង្គបរិនិព្វានទៅបាន ៣ខែ ព្រះអរហន្តសាវ័ក ៥០០ អង្គ ដឹកនាំដោយព្រះមហាកស្សបថេរៈ បានជួបប្រជុំគ្នាធ្វើសង្គាយនាគឺប្រមែប្រមូលរួបរួមពាក្យប្រាមប្រៀនរបស់ព្រះបរមសាស្តាទុកជាវគ្គជាស្នើ គម្ពីរដែលប្រមូល រួបរួមពុទ្ធវចនៈនេះហៅថា ព្រះត្រៃបិដក ដែលចាត់ទុកថាជាគម្ពីរដ៏ចំណាស់បំផុតរបស់ព្រះពុទ្ធសាសនា ព្រោះជាគម្ពីរកត់ត្រា ចារឹកវចនៈរបស់ព្រះពុទ្ធជាម្ចាស់និងរបស់ព្រះអរហន្តសាវ័កទុកជាបែបផែនជាង ២៥៥៤ ឆ្នាំកន្លងមកហើយ ។

ការធ្វើសង្គាយនាចាត់ជាដំណើរការផ្ទៀងផ្ទាត់ពុទ្ធវចនៈទុកក្នុងរូបបែបសុក្រិតបំផុត មានដំណើរវិវត្តមក តាំងពីសម័យពុទ្ធកាលរហូតដល់ការ សង្គាយនាព្រះធម្មវិន័យ​លើកទី ១,២,៣,៤, ៥,៦ តាមលំដាប់ គោលការណ៍ព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា បន្តវេនមកដោយមុខបាឋៈ(Oral Tradition) គឺ ការទន្ទេញចាំមាត់ទទេ ដែលការទន្ទេញចាំមាត់នេះមានមកជារៀងរហូត លុះត្រាដល់សម័យធ្វើ សង្គាយនាព្រះធម្មវិន័យលើកទី ៥ ក្នុងប្រទេសស្រីលង្កា ។

សង្គាយនាកត់ត្រាចារឹកពុទ្ធវចនៈដោយមុខបាឋៈបានធ្វើឡើងក្នុងពុទ្ធសករាជ ៤៣៣ ឆ្នាំ គឺ ក្រោយព្រះពុទ្ធជាម្ចាស់បរិនិព្វានទៅបាន ៤៣៣ ឆ្នាំ ក្នុងរជ្ជកាលរបស់ព្រះបាទវដ្តគាមណីអភ័យ ដោយមានព្រះរក្ខិតមហាថេរៈជាប្រធាន ធ្វើនៅមល័យជនបទ មូលហេតុដែលត្រូវកត់ត្រា ចារឹកពុទ្ធវចនៈទុកក្នុងគម្ពីរស្លឹករឹតព្រោះការទ្រទ្រង់ដោយមាត់ទទេ អាចមានកំហុសខុសឆ្គង បានដោយងាយ ព្រោះសតិបញ្ញាក្នុងការទន្ទេញចាំមាត់របស់កុលបុត្រ ដែលមានសទ្ធា ចាប់ឱនថយជាបណ្តើរៗហើយ ម្យ៉ាងទៀត ព្រះសង្ឃត្រូវទទួល រងគ្រោះថ្នាក់ ដោយគ្រោះធម្មជាតិ និង មហន្តរាយនៃសង្គ្រាមជារឿយ ៗ ធ្វើឲ្យគ្មានពេលវេលាទន្ទេញចាំ ពុទ្ធវចនៈបានខ្លាចក្រែងអ្នកទ្រទ្រង់ ពុទ្ធវចនៈត្រូវរងគ្រោះថ្នាក់ដល់ជីវិត ព្រោះពិចារណាឃើញហេតុភេទទាំងអស់នេះ ទើបត្រូវកត់ត្រាចារឹកពុទ្ធវចនៈទុកក្នុង​សត្រាស្លឹករឹត លើសពីនេះទៀត ក៏មានការកត់ត្រាចារឹកអដ្ឋកថាទុកផងដែរ ។

ហេតុនោះគម្ពីរព្រះត្រៃបិដកទើបចាត់ជាគម្ពីរដ៏ល្អពិសិដ្ឋដែលគួរដល់ការសិក្សា​ស្រាវជ្រាវនិងបដិបត្តិតាម ។

តើព្រះត្រៃបិដកមានសារៈសំខាន់គួរដល់ការសិក្សាស្រាវជ្រាវយ៉ាងណាខ្លះ?
ការដែលពោលថាគម្ពីរព្រះត្រៃបិដកមានសារៈសំខាន់គួរដល់ការសិក្សាស្រាវជ្រាវព្រោះ៖
• ជាទីរួបរួមពុទ្ធវចនៈគឺ ព្រះតម្រាស់របស់ព្រះពុទ្ធជាម្ចាស់ទុក
• ជាតំណាងអង្គព្រះបរមសាស្តារបស់ពុទ្ធសាសនិកជនព្រោះជាទីចារឹក​ ព្រះធម្មវិន័យទុក
• ជាប្រភពដើមនៃព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា
• ជាបទដ្ឋានត្រួតពិនិត្យជំនឿនិងសេចក្តីបដិបត្តិក្នុងព្រះពុទ្ធសាសនា 
ការវិនិច្ឆ័យអ្វីណា នីមួយថាត្រូវឬខុស ថាជាពុទ្ធសាសនាឬមិនមែន ត្រូវអាស្រ័យព្រះធម្មវិន័យ​ដែលមាន ចែងក្នុងព្រះត្រៃបិដកជាគ្រឿងអារកាត់
• ជាឯកសារយោង ឬ ភស្តុតាងសំអាងគោលការណ៍ដែលចែងថា
ជាពុទ្ធសាសនា
• ចាត់ជាគម្ពីរគួរឲ្យជឿជាក់បំផុតជាងគម្ពីរណា ៗ លើលោកដែលអះអាង
ឲ្យមនុស្ស សម័យបច្ចុប្បន្នដឹងថា កាលពី ២៥៥៤ ឆ្នាំមុនព្រះពុទ្ធជាម្ចាស់​បានត្រាស់អ្វីទុកខ្លះ 
• ចាត់ជាវណ្ណកម្មបុរាណដែលបន្សល់ទុកមកឲ្យអនុជនជំនាន់ក្រោយ

ព្រោះហេតុនេះ ការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទើបចាត់ជាកិច្ចការសំខាន់បំផុតមួយ របស់ពុទ្ធសាសនិកជន ជាកិច្ចការ បន្តវេនអាយុរបស់ព្រះពុទ្ធសាសនា ឬថាជាការងារបន្តសន្តតិវង្សនៃព្រះពុទ្ធសាសនាក៏បានព្រោះដរាបណានៅមានការសិក្សាស្រាវជ្រាវព្រះត្រៃបិដកដើម្បីយកទៅបដិបត្តិ ព្រះពុទ្ធសាសនាក៏ស្ថិតស្ថេរគង់វង្សនៅដរាបនោះ ប៉ុន្តែបើមិនមានការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទេ បើទុកជាមានការបដិបត្តិខ្លះក៏ដោយ ក៏ការបដិបត្តិនោះមិនប្រព្រឹត្តទៅតាមគោលការណ៍ របស់ព្រះពុទ្ធសាសនាដែរ គឺ ព្រះពុទ្ធសាសនានឹងមិនស្ថិតស្ថេរនៅយូរអង្វែងឡើយ ពោលគឺ នឹងរោយរៀវអន្តរធាន​ ទៅជារឿយ ៗ ។
ចុះផ្សាយដោយ ព្រះមហាភិរម្យ
ក្នុងគេហទំព័រ khmerbuddhism.ca

អត្ថបទផ្សេងៗទៀត


គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ - ថ្ងៃអាទិត្យ 12 តុលា 2014 - គុណ ឃោសោ
អ្វី​ជា​ព្រះ​ត្រៃ​បិដក​? - ថ្ងៃអង្គារ 30 មិថុនា 2015 - គុណ ឃោសោ
អកុសលកម្មបទ១០ - ថ្ងៃអាទិត្យ 12 តុលា 2014 - គុណ ឃោសោ
កុសលកម្មបទ១០ - ថ្ងៃអាទិត្យ 12 តុលា 2014 - គុណ ឃោសោ